(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ដែលជាអតីតតំបន់ក្រហមរយៈពេលមួយខែនេះ ចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីជាង ៩០ម៉ឺននាក់ ខណៈការចាក់ដូសទី១ គ្រោងបិទបញ្ចប់នៅក្នុងសប្តាហ៍នេះហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឱ្យកងទ័ពបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ការចាក់ស្រោចវ៉ាក់សាំងនៅអតីតតំបន់ក្រហម ដែលជាតំបន់ប្រឈមការឆ្លងជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការរាតត្បាតជំងឺកូវីដ១៩។

អតីតតំបន់ក្រហមមាននៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌកំបូល ដង្កោ ពោធិ៍សែនជ័យ មានជ័យ ទួលគោក និងឬស្សីកែវ។ មុខព្រួញអតីតតំបន់ក្រហមដែលត្រូវចាក់ស្រោចវ៉ាក់សាំងពីដំបូង មានត្រឹម៤ខណ្ឌ ហើយមានចំនួនប្រជាពលរដ្ឋត្រូវចាក់ត្រឹមជាង ៥០ម៉ឺននាក់ប៉ុណ្ណោះ តែក្រោយមកត្រូវបានដំឡើងទៅដល់៦ខណ្ឌ ហើយពលរដ្ឋត្រូវចាក់មានចំនួនរហូតដល់ជាង ១លាននាក់។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរហូតដល់ទៅជាង ៩០ម៉ឺននាក់ ហើយអ្នកចាក់ដូសទី២ បានរហូតដល់ទៅជិត ៧០ម៉ឺននាក់ ខណៈអ្នកដែលត្រូវចាក់ជាង ១០ម៉ឺននាក់ទៀត គ្រោងនឹងចាក់ឱ្យអស់នៅក្នុងសប្តាហ៍នេះ។

ការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហម គ្រោងនឹងប្រើរយៈពេលតែមួយខែប៉ុណ្ណោះទាំងដូសទី១ និងទី២។ តែពេលនេះត្រូវបានអូសបន្លាយចូលដល់ខែមិថុនា ដោយសារតែទីតាំងត្រូវបានពង្រីក ហើយចំនួនអ្នកចាក់ត្រូវបានបន្ថែម។

បើទោះបីប្រតិបត្តិការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហមមិនទាន់បិទបញ្ចប់ទាំងស្រុងយ៉ាងណាក្តី តែនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាត់ទុកការងារនេះ គឺជាជោគជ័យដ៏ធំធេង និងជាប្រវត្តិសាស្ត្រមួយសម្រាប់កងទ័ព។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ជោគជ័យនេះសម្រេចទៅបានដោយសារមានការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការតាមដានជាប់ជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជោគជ័យនេះ ក៏មិនអាចសម្រេចទៅបាននោះឡើយបើគ្មានលះបង់ ការប្តេជ្ញាចិត្ត និងការតស៊ូជម្នះដ៏មុះមុតរបស់កងទ័ពជាក្រុមការងារចាក់វ៉ាក់សាំងមកពីគ្រប់អង្គភាព ការចូលរួមសហការដ៏ស្អិតល្មួតពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានផងដែរ។

តំបន់ក្រហម គឺជាតំបន់មួយស្មុគស្មាញ និងប្រឈមជាមួយការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ហេតុនេះហើយទើបរាជរដ្ឋាភិបាលផ្តល់ប្រតិបត្តិការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហមនេះជូនទៅកងទ័ព។ ក្រុមការងារកងទ័ពជាង ៣ពាន់នាក់ មកពីអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ត្រូវបានដាក់ពង្រាយ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសម្រេចផែនការរបស់រាជរដ្ឋាភិបាលលើការងារចាក់វ៉ាក់សាំង។

ឧត្តមសេនីយ៍ត្រី តឹក ច័ន្ទសិរី នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ត្រូវបានអង្គភាពចាត់ដឹកនាំកម្លាំង ២៦នាក់ ចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិត្រពាំងថ្លឺង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ លោកឧត្តមសេនីយ៍ ត្រី ច័ន្ទសិរី និងយុទ្ធមិត្តរបស់លោក បានបំពេញការងារនៅទីតាំងចាក់វ៉ាក់សាំងអតីតតំបន់ក្រហមក្នុងភូមិត្រពាំងថ្លឹងអស់រយៈពេលមួយខែហើយ។

លោកបានលើកឡើងថា ការចាក់វ៉ាក់សាំងនៅតំបន់នេះជួបបញ្ហាលំបាកមួយចំនួនដូចជាប្រជាពលរដ្ឋមិនសូវយល់ពីនីតិវិធីចាក់វ៉ាក់សាំង ការសម្រុកមកចាក់វ៉ាក់សាំងតែនៅថ្ងៃចុងសប្តាហ៍ ដែលនាំឱ្យមានភាពកកកុញ និងការចែកប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវជាដើម។ បញ្ហាទាំងនេះទាមទារឱ្យក្រុមការងាររបស់លោកត្រូវប្រឹងប្រែងពន្យល់ និងបំពេញភារកិច្ចកាន់តែខ្លាំង។

ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមការឆ្លងជំងឺកូវីដ១៩នេះ ដំណើរការចាក់វ៉ាក់សាំងក៏មិនងាយស្រួលនោះដែរ។ ក្រុមការងារចាក់វ៉ាក់សាំងតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវស្លៀកសម្លៀកបំពាក់បិទជិត ពាក់ម៉ាស់ ពាក់រពាំងមុខជាដើម។

ទោះបីការចាក់វ៉ាក់សាំងនៅតំបន់ក្រហមមានភាពស្មុគស្មាញ នឿយហត់ គ្មានថ្ងៃឈប់សម្រាក គ្មានថ្ងៃសៅរ៍ អាទិត្យយ៉ាងណាក្តី តែលោកឧត្តមសេនីយ៍ត្រី តឹក ច័ន្ទសិរី និងយុទ្ធមិត្តរបស់លោកនៅតែរីករាយក្នុងបេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ។ កងទ័ពរូបនេះ យល់ថា បេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហមជាបេសកកម្មដ៏មានសារៈសំខាន់ ហើយអ្វីដែលពួកលោកចង់បានពីប្រតិបត្តិការនេះ គឺចង់ឱ្យប្រជាពលរដ្ឋបានរួចផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះភាពអំណត់ និងតស៊ូនៃយុទ្ធមិត្តរបស់លោកក្នុងបេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ។ លោក ឥត សារ៉ាត់ ក៏បានអរគុណចំពោះការលះបង់ និងស្មារតីទទួលខុសត្រូវលើភារកិច្ច ហើយសង្ឃឹមថា យុទ្ធមិត្តទាំងអស់បន្តប្រកាន់ខ្ជាប់ស្មារតីទាំងនេះ ដើម្បីសម្រេចនូវបេសកកម្មផ្សេងទៀត ដែលរាជរដ្ឋាភិបាលដាក់ជូន។

វ៉ាក់សាំងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាវុធយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺកូវីដ១៩។ ប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ហើយបានចាក់វ៉ាក់សាំងចំនួនពីរដូសរួចរាល់នោះ បានបង្ហាញនូវការជឿទុកចិត្តលើវ៉ាក់សាំងក្នុងការការពារសុខភាពរបស់ពួកគេ។

មិនត្រឹមតែទុកចិត្តលើវ៉ាក់សាំងក្នុងការពារសុខភាពរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេរំពឹងដែរថា វ៉ាក់សាំងនឹងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយធ្វើឱ្យដំណើរការសេដ្ឋកិច្ចសង្គមវិលទៅរកភាពប្រក្រតី ដើម្បីឱ្យពួកគេអាចប្រកបការងារចិញ្ចឹមជីវិតបានល្អប្រសើរឡើងវិញ៕