(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ពិនិត្យឡើងវិញទៅលើប្រតិបត្តិការរបស់មីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមានទិសដៅបោកប្រាស់ និងជម្រិតរឹបអូសយកផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងកម្មវិធីបើកសន្និសីទការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈផ្តល់អត្រាការប្រាក់ខ្ពស់ និង ផ្តល់ប្រាក់កម្ចី ដោយមិនពិនិត្យពីលទ្ធភាព នៃការផ្តល់សំណង និងកម្ចីខ្លះទៀតមិនបានគាំទ្រជំរុញដល់ការបង្កើនផលិតភាពរបស់អ្នកខ្ចី។

សម្តេចនាយករដ្ឋមន្រ្តី បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ត្រូវពិនិត្យ និងចាត់វិធានការទៅតាមច្បាប់ ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលប្រតិបត្តិការមិនសុច្ចរិតភាព។

សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដូច្នេះ «អង្គការក្រៅរដ្ឋាភិបាល និងអ្នកធ្វើសកម្មភាពខុសច្បាប់មួយចំនួន មិនគួរត្រូវបានលើកលែងទេ។ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ត្រូវមើលរឿងហ្នឹងឲ្យច្បាស់ នេះជាការបំផ្លាញពលរដ្ឋតាមរយៈយកប្រាក់កម្ចីធ្វើនុយ ដើម្បីយកផលប្រយោជន៍។ ដោយគោលដៅធំជាងគេធ្វើម៉េច ឲ្យគ្រួសារហ្នឹងជំពាក់គ្មានលទ្ធភាពសង ហើយទៅរឹបអូសផ្ទះសម្បែង»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធមិនត្រូវចូលដៃចូលជើងជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងប្រជាពលរដ្ឋផ្តេសផ្តាស់នោះទេ។ «ចឹងខ្ញុំសូមផ្តាំទៅអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កុំរពិសដៃជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពេក។ ឲ្យលោកឯងទៅធ្វើប៉ូលិស ប៉េអឹមហ្នឹងមិនមែនឲ្យទៅរឹបអូសផ្ទះសម្បែងប្រជាពលរដ្ឋទេ អាហ្នឹងត្រូវឆ្លងដំណាក់កាលតុលាការ»៕