(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យតាមបណ្តោយផ្លូវមួយខ្សែ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ដើម្បីដាក់លូថ្មី និងជួសជុលផ្លូវថ្មីជូនប្រជាពលរដ្ឋ គោលបំណងបង្កការងាយស្រួលរំដោះជំនន់ទឹកភ្លៀងរដូវវស្សា និងអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

កំណាត់ផ្លូវលេខ៧៥BT ជាគម្រោងស្ថាបនារបស់ខណ្ឌមានជ័យឆ្នាំ២០២០ ដែលត្រូវដាក់លូថ្មីប្រវែង៣០០ម៉ែត្រ មានមុខកាត់ទំហំ១ម៉ែត្រ ដែលហូរឆ្ពោះទៅកាន់ស្ថានីយ៍បូមទឹកបឹងទំពុន និងចាក់ផ្លូវបេតុង ដែលមានទទឹង៨ម៉ែត្រ ចាប់ពីចំនុចផ្សារក្រមួនទៅដល់ប្រឡាយ មានប្រវែង៣០០ម៉ែត្រ ដែលមានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវប្រមាណ១០០គ្រួសារ។

លោក មា សុភាព បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ព្រោះការស្ថាបនាផ្លូវ និងការដាក់លូថ្មី ជាផលប្រយោជន៍រួម សំរាប់ពលរដ្ឋក្នុងមូលដ្ឋានទាំងអស់គ្នា មិនមែនសំរាប់បុគ្គលណាម្នាក់ឡើយ។

លោកអភិបាលរងខណ្ឌ បានសំណូមពរឲ្យប្រជាលរដ្ឋក្នុងមូលដ្ឋាន ជួយតាមដានក្រុមការងារ ចុះអនុវត្តគម្រោងសាងសង់ផ្លូវខាងលើស្របតាមស្តង់ដារ និងលក្ខណ:បច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង និងសូមឲ្យបងប្អូនប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងដាក់រាយប៉ាយ បណ្តាលឲ្យសំរាមហូរចូលប្រព័ន្ឋលូនាំឲ្យកកស្ទះលូ។

លោក ឡាយ ជ ប្រធានការិយាល័យសាធារណការខណ្ឌមានជ័យ បានបញ្ជាក់ថា ប្រព័ន្ឋលូថ្មី ដែលត្រូវស្ថាបនាឡើងនាពេលនេះ ប្រើរយៈពេល៣ខែ មានប្រវែងជាង៣០០ម៉ែត្រ មុខកាត់ទំហំ ១ម៉ែត្រ ដោយស្ថាបនា ក្នុងគម្រោងខណ្ឌ ។

លោកក៏បានសំណូមពរឲ្យក្រមហ៊ុនជួយសំរួលរាល់ការជីកកាយនៅមុខផ្ទះជួយសំរួលលុបវិញ និងជួយធ្វើឲ្យបានលឿន ដើម្បីជៀសវាងការលិចលង់បន្តទៀតនៅរដូវភ្លៀងខាងមុខនេះ៕