(ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

* សប្តាហទី១ ភ្ញៀវប្រមាណ ១៩,៧០៥ នាក់
* សប្តាហទី២ ភ្ញៀវប្រមាណ ៤៩,៨៨០ នាក់
* សប្តាហទី៣ ភ្ញៀវប្រមាណ ៥២,៨៩១ នាក់
* សប្តាហទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖
* ខេត្តកំពត៖ ៣៨,៨១៧ នាក់
* ខេត្តបាត់ដំបង៖ ២៦,៨៤០ នាក់
* ខេត្តកែប៖ ២៣,០០៤នាក់
* ខេត្តសៀមរាប៖ ១៨,៧៥៧ នាក់
* ខេត្តកំពង់ស្ពឺ៖ ១៦,១៨៧ នាក់
* ខេត្តព្រះសីហនុ៖ ១២,១៦០នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។

រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕