កម្លាំងនគរបាលស្រុកកោះធំ បើកយុទ្ធនាការ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំទៅធ្វើអត្តសញ្ញាណប័ណ្ណ

(កណ្តាល)៖ ចាប់ពីថ្ងៃទី១១​ រហូតដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលដ្ឋបាល ទាំង១១ប៉ុស្តិ៍ នៃឃុំទូទាំងស្រុកកោះធំបាន បើកយុទ្ធនាការ ​ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលមាន​អាយុ​​១៥ឆ្នាំឡើង ដែលពុំទាន់បានធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រូវអញ្ជើញរួសរាន់ទៅធ្វើនៅទីតាំង អធិការដ្ឋាននគរបាលស្រុក ព្រមទាំងបាន​ផ្សព្វផ្សាយអំពីគោលនយោបាយភូមិ​-ឃុំមានសុវត្ថិភាពផងដែរ ។

អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានថ្លែងឲ្យដឹងថា ខ្លឹមសារសំខាន់ៗ ដែលមន្រ្តីនគរបាលរបស់លោក បានផ្សព្វផ្សាយ អំពាវនាវទៅកាន់ប្រជាពលរដ្ឋ​តាមមូលដ្ឋាននោះរួមមាន៖
១. ផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ទោះបីពួកគាត់មានអត្តសញ្ញាណប័ណ្ណ​ហើយក៏ពិតមែន និងនៅមាន​សុពលភាព តែបើនៅជាអត្តសញ្ញាណ​ប័ណ្ណគំរូចាស់ ដាច់ខាតត្រូវអញ្ជើញ​មកធ្វើគំរូថ្មី​អោយបានគ្រប់ៗគ្នា។ ការផ្សព្វផ្សាយនោះ ក៏បានបញ្ជាក់ពីទីកន្លែងត្រូវធ្វើ និងបែបបទត្រូវបំពេញ ពិសេសឯកសារដែលត្រូវយកភ្ជាប់ជាមួយពេលទៅធ្វើ​ ។

២. ផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលក្នុងនោះ ៣​ចំណុចសំខាន់ៗ ត្រូវបានលើកមកបញ្ជាក់ ដែលមានដូចជា៖

  •​ គ្រឿងញៀន: សូមឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ដាច់ខាតគឺត្រូវជៀសឲ្យឆ្ងាយពីវា ទាំងអ្នកប្រើប្រាស់ អ្នកចែកចាយ អ្នកជួញដូរ ហើយផ្តាំផ្ញើរឲ្យបងប្អូនដែលមានសមាជិក ក្នុងគ្រួសាររបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនិងថ្នាំញៀននេះ ប្រញ៉ាប់រាយការណ៍​មកកាន់នគរបាល ដើម្បីនគរបាលមាន​វិធានការទប់ស្កាត់ ព្យាបាលទាន់ពេលវេលា​។ បើមិនដូច្នេះទេ ចាប់បញ្ជូនទៅស្ថាប័នតុលាការ​គឺជាជំរើស​តែ១គត់ ។

  • ល្បែងសីុសងខុសច្បាប់: គឺបានប្រកាសអោយប្រជាជន​ទាំងមូលក្នុងស្រុកកោះធំ ឈប់ជាបន្ទាន់ នូវការ លេងល្បែងបៀរ អាប៉ោង បញ្ជល់មាន់ ចាក់ឆ្នោត ពិសេសកន្ទុយលេខ ។ កាលណានគរ​បាលបង្ក្រាបបាន បន្ទាប់ពីការព្រមានលើកនេះទៅ ការអប់រំគឺដាច់ខាតមិនមានឡើយ ។ នគរបាល​ ក៏បានផ្សព្វផ្សាយពីច្បាប់ល្បែងសីុសង ការផាកពិន័យ និងទោសទណ្ឌត្រូវផ្តន្ទាផងដែរ ។

  • ច្បាប់ចរាចរណ៍ផ្លូវគោក: នគរបាលបានប្រកាសដដែលៗថា រាល់យាន្តជំនិះទាំងអស់ដែលបរលើផ្លូវជាតិ ត្រូវតែគោរពច្បាប់ចរាចរណ៍ថ្មី ពិសេសសង្កត់ធ្ងន់លើមួកសុវត្ថិភាព ចញ្ចក់មើលក្រោយ ស្លាកលេខ និងការបើកបរក្នុងភាពស្រវឹង ។ ចាប់ពីថ្ងៃ ១៥.០៣.២០១៦ យុទ្ធនាការក្តៅនឹងចាប់ផ្តើម ។ នគរបាលស្រុកក៏នឹងត្រៀមបញ្ចេញក្រុមផាកពិន័យចល័តផងដែរ ដែលនឹងតាមឃាត់​មធ្យោបាយដែលគេច​ពីគោលដៅត្រួតពិនិត្យ ពិសេសយុវជនដែលមិនព្រមពាក់មួកសុវត្ថិភាព ។

សម្រាប់​កម្លាំង និងមធ្យោបាយ ក្នុងការផ្សព្វផ្សាយនោះមាន ៖
       ១/-កម្លាំងសរុបដែលចូលរួមធ្វើការផ្សព្វផ្សាយទាំង ១១​ឃុំ =៣៨នាក់ (ស្រី 0 នាក់) ។
       ២/-រថយន្ត ០១គ្រឿង​, ម៉ូតូ ២១គ្រឿង​, រឺុម៉កអូស ០៥គ្រឿង , ទូកស្មាច់ ០១គ្រឿង, មេក្រូ ១១​ឈុត ។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នគរបាលស្រុកកោះធំយើងខ្ញុំ បានធ្វើអ្វីៗគ្រប់យា៉ងរួចរាល់ហើយ ដើម្បីជំរុញការងារធ្វើ​អត្តសញ្ញាណប័ណ្ណគំរូថ្មី ។ ទាំងពេលវេលា សកម្មភាព​ការងារជាក់ស្តែង និងការផ្សព្វផ្សាយ ដូចនេះនៅសល់​តែបងប្អូនសាមីុប៉ុណ្ណោះ ។ បើបងប្អូនមិនព្រមឆ្លៀតពេលមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីទៀត នគរបាលយើងខ្ញូំក៏មិនដឹង​ធ្វើអ្វី​បន្ថែម​បានទៀតដែរ ។ ហើយបើចុះ​ធ្វើដល់ខ្នងផ្ទះ​បងប្អូនបាន ពួកយើងខ្ញុំនឹងទៅធ្វើជូនទៀត តែវាពិតពិបាកបំផុត ។ ត្រូវចងចាំថា : ប្រសិនបើបងប្អូនពុំទាន់​មាន​អត្តសញ្ញាណ​ប័ណ្ណគំរូថ្មីទេ បងប្អូនក៏ពុំទាន់ក្លាយជាពលរដ្ឋខ្មែរដ៏ល្អដែរ។ សូមលោកតា លោកយាយ អ៊ុ ពូ មីង បង ប្អូន ក្មួយ ប្រជាពលរដ្ឋខ្មែរយើងទូទាំងស្រុកកោះធំ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង អញ្ជើញនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីទាំងអស់គ្នា (អ្នកមានអត្តសញ្ញាណប័ណ្ណ​គំរូចាស់​ទោះនៅសុពលភាព​ក៏ត្រូវមកធ្វើដែរ) ។ កន្លែងដែលត្រូវធ្វើគឺនៅបរិវេនអធិការដ្ឋាន​នគរបាលស្រុកកោះធំ ក្នុងឃុំព្រែកថ្មី»