(ព្រះវិហារ)៖ មនុស្សចំនួន ១៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីចុះបង្រ្កាបការកាប់ទន្ទ្រានយកដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ លោកបានចុះសម្របសម្រួល ករណីចុះបង្រ្កាបការឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធចំនួន ៦៣៧៨ហិកតា ដឹកនាំដោយលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ទីរអង្គភាព ពាក់ព័ន្ធផងដែរ។

លោកព្រះរាជអជ្ញាររងបានថ្លែងបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះទៀតថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណី កាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុចទីតាំងខាងលើនេះ ក្រុមការងារបានសម្រេចឃាត់ខ្លួន ប្រជាពលរដ្ឋចំនួន ១៧នាក់ (ជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗ) ម៉ូតូ ៣គ្រឿង គោយន្តកន្ត្រៃយ៍ ១គ្រឿងផងដែរ។

លោក វុធ សាវី បន្តថា ចំពោះពលរដ្ឋទាំង១៧នាក់នេះ គឺបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យគាត់បញ្ឈប់សកម្មភាពកាប់ទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិតទៅទៀត និងអនុញ្ញាតពួកគាត់ត្រឡប់ទៅទៅវិញ។ ដោយឡែកការងារចំពោះមុខ ក្រុមការងារក៏កំពុងស្រាវជ្រាវ រកអ្នកនៅពីក្រោយខ្នង នៃការកាប់រានដីរដ្ឋនេះ យកមកផ្តន្ទាទោសទៅតាមច្បាប់៕