(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជំរុញដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តភារកិច្ចស្នូល ការចូលរួមការពារកន្លែងធ្វើចត្តាឡីស័ក និងការត្រៀមកម្លាំងអន្តរាគមន៍ ពេលមានបទបញ្ជា ក្នុងនោះកម្លាំងនៅតំបន់ព្រំដែន ត្រូវការពារមិនឱ្យមានការឆ្លងដែនចេញចូលខុសច្បាប់ រវាងប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជា ខណៈសភាពការណ៍បច្ចុប្បន្នកំពុងរឹតបន្តឹង លើបញ្ហាជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ក៏បានក្រើនរំលឹកបន្ថែមទៀត ដល់កងទ័ពទាំងអស់ត្រូវបន្តសហការឱ្យបានល្អជាមួយប្រទេសជិតខាង ដោយអនុវត្តបានត្រឹមត្រូវ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅក្នុងឱកាសនាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលកម្លាំងការពារព្រំដែននៅទីបញ្ជាការ ព្រមទាំងបានអំណោយប្រគល់ជូននាយទាហាន ពលទាហាន កម្លាងនគរបាលព្រំដែន និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធិផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន សម្រេចបាននាពេលកន្លងមក នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការខិតខំកសាងអង្គភាពឱ្យមានការរីកចម្រើន មកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នាយឧត្តមសេនីយ៍ ជៀង អំ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ត្រូវរស់នៅមានអនាម័យល្អ គោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងត្រូវចូលរួមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ដោយមិនត្រូវជឿតាមការឃោសនាអកុសល របស់ជនអគតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនោះឡើយ៕