(រតនគិរី)៖ លោក ជៀង អំ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កុំឲ្យធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ ឱ្យសោះ គឺត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀត ដោយជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងបែបនេះ របស់លោក ជៀង អំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបឆមាសទី១ និងផែនការទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងឱកាសនោះដែរ លោក ជៀង អំ បានថ្លែងពាំនាំនូវការនឹករលឹក និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាគណបក្ស ជនរួមជាតិក្នុងខេត្តរតនគិរីទាំងអស់។

លោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលគណបក្សបានទទួល នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល និងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ហើយក៏មិនភ្លេចសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ ដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនខេត្តរតនគិរីទាំងមូល ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការ ពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃមាតុភូមិរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្តាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩, បញ្ហាគ្រឿងញៀនក្នុងសហគមន៍, ដោះស្រាយបានបញ្ហាគ្រោះទឹកជំនន់ទប់ស្កាត់បានរាល់ការ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីពួកប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ហើយជំរុញបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមួយ ដែលធននឹងវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ១៩។

លោក ជៀង អំ បានជំរុញដល់សមាជិកបក្សត្រូវ ចុះតាមមូលដ្ឋានរបស់ខ្លួនបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ មានសុវត្ថិភាព។ ត្រូវបន្តអប់រំឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចូលរួមដោះស្រាយបញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋដោយមានតម្លាភាព និងមិនត្រូវឆ្លៀតឱកាសកេងប្រវ័ញ្ចពីប្រជាពលរដ្ឋឡើយ។ ត្រូវជួយជំរុញប្រជាជន ខិតខំបង្ករបង្កើនផល ដើម្បីដោះស្រាយជីវភាព របស់ខ្លួន និងក្រុមគ្រួសារ ក្នុងពេលដែលប្រទេសជាតិ និងពិភពលោកទាំងមូល កំពុងទទួលរងនូវ ផលប៉ះពាល់អំពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក ជៀង អំ បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទូទាំង ក្នុងខេត្តរតនគិរី ដែលតែងតែផ្ដល់យុតិ្តធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងសូមគោរពដឹងគុណ ចំពោះកម្មាភិបាលយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាព ទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។

តាមការលើកឡើងរបស់លោក ថង សាវុន ប្រធានគណៈកម្មាការគណបក្សខេត្តរតនគីរី បានឱ្យដឹងថា ក្រុមការងារគណបក្សចុះមូលដ្ឋាន, សមាជិក, សមាជិការគណៈបក្សប្រជាជនខេត្តរតនគីរី បានខិតខំបំពេញការងារតួនាទីភារកិច្ចនិងរបៀបរបបក្រុមការងារ បានធ្វើសកម្មភាពចុះមូលដ្ឋាននិង ធ្វើកំណែរទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ។ បានរួមគ្នាក្តាប់សភាពការណ៍ក្នុង និងក្រៅប្រទេស ពិសេសផ្តោតទៅលើការទប់ស្កាត់ ការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ គឺបានចុះផ្សព្វផ្សាយតាមមូលដ្ឋានរោងចក្រ សហគ្រាស គ្រឹះស្ថាននានាក្នុងខេត្ត ព្រមទាំងបានចែកខិតប័ណ្ណអប់រំ សាប៊ូ ទឹកអាល់កុលម៉ាស ក្រម៉ា ជាដើម។

លោកបានបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំគណបក្ស បានជំរុញក្រុមការងារ ចុះមូលដ្ឋានបន្តអប់រំប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ជំងឺនេះជាប្រចាំ។ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា៕