(រតនគិរី)៖ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី លោក ជៀង អំ បានចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនក្រុមគ្រូពេទ្យ និងកម្លាំងប្រចាំការ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ការចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ ក៏មានការអញ្ជើញចូលពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរដែរពាក់ព័ន្ធ លោកអភិបាលស្រុក អភិបាលរងស្រុក និងមន្រ្តីចត្តាឡីស័កជាច្រើនទៀតផងដែរ។

នាឱកាសនោះ លោក ជៀង អំ បានណែនាំដល់រដ្ឋបាលស្រុកកូនមុំ ត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដោយធ្វើយ៉ាងណាត្រូវបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងពេលធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលបានចូលមកចត្តាឡីស័ក សរុបចំនួន ១៥៧នាក់ (ស្រី៥០នាក់) ក្នុងនោះអ្នកមានវិជ្ជមានសរុបចំនួន ១៣នាក់ (ស្រី០២នាក់)។ អ្នកដែលបានចេញពីមណ្ឌលត្រលប់ទៅផ្ទះវិញចំនួន ១២៤នាក់ (ស្រី៤២នាក់) និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសរុបចំនួន ៣៣នាក់ (ស្រី០៨ នាក់) គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ៕