(ភ្នំពេញ)៖ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា-CCNU នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមកីឡាបាត់ទាត់របបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា-CCNU ទទួលបានលទ្ឋផលល្អទាំង​២ប្រកួត ដោយ ប្រកួតលើកទី១ CCNUឈ្នះ ក្រុមយុវជនក្រសួងការងារ​ដោយលទ្ធផល​៧-២ និងប្រកួតលើកទី២នៅ​រសៀលថ្ងៃអាទិត្យនេះ CCNU ៥-១ អគ្គនាយកដ្ឋាន​ក្រសួងការងារ ។

លោក សោម អូន បានបន្ថែមថា ឆ្នាំនេះក្រុមសហជីពមានមោទនភាព​ណាស់​ ដែលបានចូលរួមប្រកួតដណ្តើមពានរង្វាន់​លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ ដើម្បីអបអសាទរទិវា​ពលកម្មអន្តរជាតិ ១​ឧសភា ឆ្នាំ​២០១៦ និងជាពិសេស​ដើម្បីពង្រឹងនូវ​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហការល្អ ក្នុងក្របខ័ណ្ឌយន្តការត្រីភាគី ដែលក្នុងនោះមានក្រុម​កីឡាបាល់ទាត់​ក្រសួងការងារ មន្ទីរការងារ សហជីព និង​សមាគមកាត់ដេរនៅកម្ពុជា សរុបទាំងអស់មាន ៧​ក្រុម ។

លោកសោម អូន ជាប្រធានដឹកនាំក្រុមកីឡាបាល់ទាត់ CCNU បានឲ្យដឹងថា នេះគឺជាការរៀបចំប្រកួតដណ្តើម​ពានរង្វាន់លើកទី២ របស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលលើកទី​១បានធ្វើឡើងនៅឆ្នាំ២០១៥​ ពេលនោះមិនមានវត្តមាន​ក្រុមកីឡាបាល​ទាត់សហជីព​ចូលរួមប្រកួត​ទេ គឺសហជីពទើបតែចូលរួមប្រកួតនៅឆ្នាំនេះ ។  

លោក សោម អូន បានបញ្ជាក់ថា ឈ្នះឬចាញ់ជារឿងធម្មតា តែអ្វីដែលសំខាន់នោះគឺ បានចូលរួមបំផុស​ដល់មហាជន​អោយចូល​រួមលេង ស្រឡាញ់ និងគាំទ្រដល់វិស័យកីឡា និងដើម្បីរិតចំណង​សាមគ្គីភាព​ភាតរភាព ។

សូមបញ្ជាក់ថា ការប្រកួតបានធ្វើឡើងជារៀងរាល់​សប្តាហ៏ ដោយបានចាប់ផ្តើម​ពីសប្តាហ៏ទី១ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាស២០១៦ ៕