(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) លោកស្រី លី អាយឡាន បានថ្លែងពីការប្តេជ្ញាចិត្តបន្ដជួយគាំទ្រ និងត្រៀមជាស្រេច សម្រាប់ការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ រាជធានី-ខេត្ដចំនួន៣, អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានឧបត្ថម្ភនូវម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃមួយចំនួនផងដែរ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានថ្លែងថា «ក្នុងនាមនាងខ្ញុំ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សូមបេ្ដជ្ញានៅតែបន្ដក្នុងការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អង្គការដៃគូអភិវឌ្ឍ ដើម្បីរួមគ្នាត្រៀមរៀបចំ និងឆ្លើយតបទៅនោះនឹងការផ្ទុះរាលត្បាតដោយជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក»

លោកស្រី គូសបញ្ជាក់ថា «ខ្ញុំនឹងបន្ដជួយដល់ប្រជាជន និងប្រទេសកម្ពុជា ជាពិសេសបន្ដគាំទ្រលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងឆ្លងផុតពីផ្ទុះរាតត្បាតលក្ខណៈធ្ងន់ធ្ងរនេះ បន្ទាប់ពីបទពិសោធន៍ដ៏ជោគជ័យកន្លងមក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការងារទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩»

លោកស្រី លី អាយឡាន ក៏បានលើកឡើងថា ស្ថានភាពកូវីដ១៩នៅកម្ពុជា ពេលនេះគឺមានភាពធ្ងន់ធ្ងរនៅឡើយ ពិសេសការផ្ទុះជំងឺកូវីដ១៩ ចេញពីក្នុងតំបន់មួយចំនួន ដូចជា នៅតាមរោងចក្រ, ពន្ធធានាគារ ផ្សារ និងសហគមន៍ជាដើម។ ដូច្នេះ សូមអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមទាំងអស់ ធ្វើសកម្មភាពដែលយើងអាចធ្វើបាន ដើម្បីកុំឱ្យមានការសោកស្ដាយ ដោយធ្វើយ៉ាងណា ឱ្យករណីឆ្លងថយចុះ និងឈានទៅការលុបបំបាត់ជំងឺឆ្លងនេះ ដើម្បីចៀសផុតពីការឆ្លងជាលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា និងត្រូវត្រៀមខ្លួនជាស្រេច ក្នុងការរៀនរស់បែបគន្លងថ្មី កុំឱ្យមានករណីផ្ទុះឡើងជាថ្មី ដែលយើងពុំចង់ឃើញ៕