(កំពង់ចាម-ត្បូងឃ្មុំ)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចាត់កម្លាំងនគរបាលចរាចរណ៍ ចំនួន៣៣នាក់ រថយន្តស៊ីរ៉ែនចំនួន៦គ្រឿង និងម៉ូតូចំនួន៥គ្រឿង ចុះសហការណ៍ជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីបុណ្យទន្លេក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ទី១៣ ខែមីនា ឆ្នាំ២០១៦។

ពិធីបុណ្យទន្លេឆ្នាំនេះ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត និងទិញផលិតផល យ៉ាងច្រើនកុះករ។ រយៈពេលបីថ្ងៃនេះ កម្លាំងនគរបាលចរាចរណ៍ របស់នាយកដ្ឋាន សម្រេចបានជោគជ័យ ក្នុងការបំពេញភារកិច្ច និងមានភាពស្និទ្ធស្នាលភាតរភាព ជាមួយកងកម្លាំងសហការណ៍ និងប្រជាពលរដ្ឋ ដោយទទួលបានការអបអរសារទរយ៉ាងខ្លាំង និងពុំមានបញ្ហាកើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕