(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកអគ្គរាជទូតសិង្ហបុរី បានឯកភាពគ្នាបន្តពង្រឹងពង្រីក នូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍ អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជាផងដែរ។

នេះបើតាមជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។

ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតបានថ្លែងថា ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតថ្មី ខ្លួនចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

លោកស្រីសង្ឃឹមថា នៅពេលខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមាន របស់លោកស្រីឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានជម្រាបជូនពី កិច្ចសហការល្អ និងការគាំទ្រគ្នានាពេលកន្លងមក។ លើសពីនេះលោកក៏បានបង្ហាញពី ចក្ខុវិស័យរបស់ក្រសួងក្នុងការត្រៀមខ្លួន លើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ៕