(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានប្រាប់ Fresh News ថា នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹង ៧ទីតាំងនៅក្នុងរាជធានីភ្នំ ពេញ និងតាមខេត្ត ១៩គោលដៅ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរពីគ្រោះថ្នាក់ ដោយសារការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។

លោក រុន រ័ត្នវាសនា បានឲ្យដឹងថា គោលដៅទាំង ៧នៅក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌចំការមន ខណ្ឌជ្រោយចង្វា ខណ្ឌសែន សុខ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចោមចៅ និងខណ្ឌព្រែកព្នៅ។ រីឯតាមបណ្តាខេត្តវិញរួមមាន៖ ខេត្តតាកែវ (៦ គោលដៅ),  ខេត្តកំពង់ធំ (១ គោលដៅ), ខេត្តស្វាយរៀង (៣ គោលដៅ), ខេត្តកំពង់ស្ពឺ (២ គោលដៅ), ខេត្តកណ្តាល (១ គោលដៅ), ខេត្ត កំពត (៥ គោលដៅ) និងកណ្តាលក្រុងសៀមរាប ១គោលដៅទៀត។

សូមបញ្ជាក់ថា ដើម្បីការពារអាយុជីវិតអ្នកដំណើរលើដងវិថីពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរក្រោមឥទ្ធិពល  ជាតិស្រវឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ត្រួតពិនិត្យជា រៀងរាល់យប់ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ ទាំងនៅក្នុងរាជធានីភ្នំពេញ និង ដងផ្លូវជាតិសំខាន់ៗតាមបណ្តាខេត្ត។

ការដាក់ចេញវិធានការទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ បានធ្វើឲ្យអ្នកបើកបរជាច្រើនចាប់ផ្តើមខ្លាចរអា ហើយរាល់ ការសេពគ្រឿងស្រវឹង ពួកគេតែងនឹកគិតជានិច្ចដល់ការផាកពិន័យរបស់កម្លាំងនគរបាល។ និន្នាការនេះ ត្រូវបានគេមើលឃើញថា  អាចចូលរួមចំណែកច្រើន ក្នុងការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ថា ជនណា បើកបរយានយន្តស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី០,៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀល ទៅ ៤លានរៀល៕