(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ការប្រើប្រាក់រៀល នាំឲ្យមានផលចំណេញទាំងពេលវេលា  និង ប្រាក់កាសនៅក្នុងប្រតិបត្តិការ ហើយក៏ជួយពង្រឹងដល់ស្ថិរភាពតម្លៃទំនិញផងដែរ។

ធនាគារជាតិ នៃកម្ពុជា បានសរសេរនៅលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ថា ទំនិញ និងសេវាអាចនឹង ត្រូវបានគិតថ្លៃជារូបិយប័ណ្ណផ្សេងៗគ្នា អាស្រ័យលើ៖ ក. ប្រភពដើម នៃទំនិញ និងសេវាទាំងនោះ (ផលិតក្នុងស្រុក ឬនាំចូល), ខ.  ទំហំប្រតិបត្តិការ (តូប ឬធំ), គ- ប្រភេទទីផ្សារ (ប្រពៃណី ឬទំនើប)។

ធនាគារជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់រូបិយប័ណ្ណលើសពីមួយនៅក្នុងសេដ្ឋកិច្ច បានបង្កើនចំណាយប្រតិបត្តិការ  ទាំងពេលវេលា និង ប្រាក់កាស។

ប្រភពបន្តថា ដោយសារតែប្រាក់រៀល និងដុល្លារអាមេរិកចរាចរទន្ទឹមគ្នា អ្នកទិញប្រឈមនឹងការខាតបង់អាស្រ័យលើក្រដាសប្រាក់ ដែលកាន់។ អត្រាប្តូរប្រាក់ ត្រូវបានកំណត់ដោយអ្នកលក់ ដោយមិនផ្អែកលើអត្រាទីផ្សារ និង មានទំនោរផ្តល់អត្ថប្រយោជន៍ដល់អ្នក លក់។ ឧទាហរណ៍ អ្នកទិញត្រូវប្តូរប្រាក់មុននឹងទូរទាត់ឲ្យអ្នកលក់ ដែលធ្វើឲ្យខាតទាំងពេលវេលានិងប្រាក់កាស ។ អ្នកលក់ ក៏ខាត ទាំងពេលវេលា និងប្រាក់កាសផងដែរ នៅពេលដែលពួកគេកំណត់ថ្លៃទំនិញជារូបិយប័ណ្ណផ្សេងៗគ្នា។

ធនាគារជាតិ បានបន្ថែមថា អ្នកលក់ប្រឈមនឹងផលលំបាក ចំពោះការធ្វើកិច្ចបញ្ជិកាគណនេយ្យ នៅពេលរូបិយវត្ថុ ឬ រូបិយប័ណ្ណ  ដែលទទួលបានខុសពីរូបិយវត្ថុ ឬ រូបិយប័ណ្ណ ដែលប្រើប្រាស់ក្នុងប្រព័ន្ធគណនេយ្យ។ ទាំងអ្នកលក់ និង អ្នកទិញ សុទ្ធតែប្រឈមហា និភ័យអត្រាប្តូរប្រាក់ នៅពេលដែលតម្លៃ នៃរូបិយវត្ថុ ឬរូបិយប័ណ្ណប្រែប្រួល។

ធនាគារជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ លើការទូទាត់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងអាច ជួយកាត់បន្ថយចំណាយច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិ នឹងអាចជួយបង្កើនប្រតិបត្តិការ  សេដ្ឋកិច្ចឲ្យកាន់តែច្រើន ដោយសារភាពងាយស្រួល ឆាប់រហ័ស និង មានប្រសិទ្ធភាព នៅពេលដែលភាគីទាំងពីរមិនចាំបាច់ ត្រូវខ្វល់ ពីប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណក្នុងការទូទាត់ ឬគម្លាតអត្រាប្តូរប្រាក់។

ធនាគារជាតិ ក៏បានក្រើនរំលឹកផងដែរថា នៅកម្ពុជា ដោយសារតែដុល្លាររូបនីយកម្ម មានកម្រិតខ្ពស់ ហើយរូបិយប័ណ្ណបរទេសចរាចរ ដោយសេរី (ប្រការនេះ លើសពីដែនសមត្ថកិច្ចរបស់ធនាគារជាតិ នៃកម្ពុជា ) អាចនាំឲ្យមានអតិផរណាខ្ពស់ នឹងផ្តល់ផលប៉ៈពាល់ អវិជ្ជមាន ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ នៅពេលទំនិញកាន់តែឡើងថ្លៃ។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនអាចកំណត់ពីចំនួនប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណផ្សេងៗទៀតដែលកំពុងចរាចរ នៅក្នុងសេដ្ឋកិច្ចបានទេ។ ដូច្នេះប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃ ក៏ត្រូវបានកំហិតផងដែរ៕