(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តក្រចេះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណ:កម្មាធិការកណ្ដាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ព្រុំ សុខា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីយកប្រៀបឈ្នះនៅក្នុងការបោះឆ្នោត។

ដើម្បីធានាការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនរបស់គណបក្សប្រព្រឹត្តទៅបានល្អត្រឹមត្រូវ គណបក្សសម្រេចដាក់ចេញនូវក្រមសីលធម៌សម្រាប់ក្រុមការងារ និងគណបក្សមូលដ្ឋានក្នុងដំណើរការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនរបស់គណបក្ស។

លោកបានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ សមាជិកបក្សប្រជាជនទាំងអស់ត្រូវខិតខំរួមគ្នាដណ្ដើមយកអាសនៈនៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ឲ្យបានកាន់តែច្រើនកាន់តែល្អ សម្រាប់ប្រៀបនយោបាយ និងកម្លាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតទៅទៀត៕