(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់លោក គង់ វិបុល។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់តាមរយៈលិខិតចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖

«ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឧបាសិកា នង តាំងអ៊ីម ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦៖០០នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។

ការបាត់បង់រូបកាយ ឧបាសិកា នង តាំងអ៊ីម គឺជាការបាត់បង់ មាតា ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌សម្រាប់កូនៗ និងចៅៗទាំងអស់។ រូបកាយ ឧបាសិកា នង តាំងអ៊ីម បាត់បង់ទៅក៏ពិតមែន តែកិត្តិយស អំពើជាកុសល សេចក្តីល្អ សេចក្តីថ្លៃថ្នូរ នៅស្ថិតជាប់ក្នុងមនោសញ្ចេតនា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា បានទៅសោយក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ៖