(ភ្នំពេញ)៖ សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា លោកឧត្តមសេនីយ៍ទោ ស សាវី នាយករងវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលស្លាប់ដោយសារកូវីដ១៩ ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី កាលពីឆ្នាំមុននោះ នឹងទទួលបានមេដាយកិត្តិយស Dag Hammarskjöld ពីអង្គការសហប្រជាជាតិ។ នេះបើតាមការប្រកាសរបស់អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

លោកឧត្តមសេនីយ៍ទោ ស សាវី កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA)។

អង្គការសហការប្រជាជាតិ បានបញ្ជាក់ថា មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនសពវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា និងកងកម្លាំងជាង ១០០នាក់ ពីប្រទេសនានា ដែលបានទទួលមរណភាព ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកងរក្សាសន្តិសុខ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។

គិតចាប់ពីឆ្នាំ១៩៤៨ មក អង្គការសហប្រជាជាតិ បានបំពាក់កម្រងផ្កាកិត្តិយសដល់កងទ័ពមួកខៀវ មន្ត្រី និងបុគ្គលិក ជាង៤០០០នាក់ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងអំឡុងពេលបំពេញការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះបើតាម លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានបន្ថែមថា កងកម្លាំងរក្សាសន្តិសុខវ័យក្មេងប្រមាណ១ម៉ឺននាក់ ត្រូវបានពង្រាយកម្លាំងនៅជុំវិញពិភពលោក ដែលពួកគេដើរតួយ៉ាងសំខាន់ នៅក្នុងបេសកកម្មបំពេញការងារថែរក្សា និងការពារអាយុជីវិតប្រជាជនស៊ីវិល។

មេដាយ Dag Hammarskjöld គឺត្រូវបំពាក់ឱ្យយោធា ប៉ូលិស និងមន្ត្រីស៊ីវិល ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងាររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ មេដាយ Dag Hammarskjöld គឺជាឈ្មោះរបស់លោក Dag Hammarskjöld ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ទី២ ដែលបានទទួលមរណភាព ដោយសារការធ្លាក់យន្តហោះ នៅប្រទេសសំប៊ី កាលពីខែកញ្ញា ឆ្នាំ១៩៦១៕