(ភ្នំពេញ)៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង បានរងការខូចខាត ដោយសារតែ​បុរសស្រវឹងម្នាក់បើក រថយន្ត Camry បាឡែន ​បោះ​ពួយ​ក្នុងល្បឿនលឿនបុកពេញទំហឹង ខណៈរថយន្តបង្ករង​ការខូចខាត​យ៉ាង​ដំណំផងដែរ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង​១២៖១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ គីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧​មករា ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា គឺដំបូងគេបានឃើញរថយន្ត Camry ​បាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-2371 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពី​កើត​ទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយម្ចាស់ទំនងជាស្រវឹងស្រាផងនោះ ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបាក់អស់៥ផ្ទាំង។ ចំណែករថយន្ត​បង្ករងការខូចខាតយ៉ាងដំណំ ហើយបន្ទាប់ពីបង្កហេតុ ម្ចាស់រថយន្តបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕