(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅយប់មិញនេះ យ៉ាងហោចណាស់ មានករណីប្លន់ចំនួន២លើកផ្សេងគ្នា ក្នុងខណ្ឌ២ គឺខណ្ឌចំការមន និងខណ្ឌដូនពេញ យកម៉ូតូ២គ្រឿងទៅបាត់ដោយសុវត្ថិភាព។

ករណីទី១៖ យុវជនម្នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើង និងដាវសាម៉ូរៃ បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព នៅម៉ោង១១៖១០នាទី យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងព័ត៌មាន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ អឹម សុភា អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ បើតាមសម្តីរៀបរាប់ពីយុវជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ​បាន​ជិះម៉ូតូម៉ាក Dream C125 ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Cl-5330 ជិះចេញពីលេងផ្ទះមិត្តភក្តិ នៅម្តុំវិមានឯករាជ្យ ហើយបំណងជិះត្រឡប់ទៅផ្ទះវិញ នៅម្តុំទួលសង្កែ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ពេលមកដល់ចំណុចកើតហេតុ ដែលជាកន្លែងស្ងាត់ និងងងឹតផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូមិនចាំម៉ាក៣គ្រឿង ប្រដាប់ក្នុងដៃដោយកាំភ្លើង និងដាវសាម៉ូរៃ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីរូបគេ ហើយដោយភិតភ័យពេកនោះរូបគេ ក៏បានប្រគល់ម៉ូតូឱ្យពួកវា ហើយក្រុមជនសង្ស័យ ក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍វត្តភ្នំ តែសមត្ថកិច្ចថា ទឹកដី​ស្រះចក ក៏ជូនជនរងគ្រោះទៅស្រះចកវិញ ហើយសមត្ថកិច្ចស្រះចកថាវត្តភ្នំ ដោយរុញជនរងគ្រោះ​ដាក់គ្នាទៅមក ទើបនាំគ្នាទៅមើលដល់កន្លែងកើតហេតុជាក់ស្តែងថា ទឹកដីវត្តភ្នំ ហើយក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។

ករណីទី២​៖ កើតឡើងនៅម៉ោង​ជាង១រំលងអាធ្រាត​ ថ្ងៃទី​១៣​ ខែមិនាឆ្នាំ​២០១៦​ ត្រង់ចំណុចខាងក្រោយ​ សណ្ឋាគារ​ Intercon ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំកាមន​ ដោយយុវជនម្នាក់ត្រូវបានជន​សង្ស័យ២នាក់ធ្វើសកម្មភាព​ យកកាំភ្លើងខ្លីភ្ជង់យកម៉ូតូ​១គ្រឿង​ម៉ាក​ Click ស៊េរី២០១៦​ ទៅបាត់​។​  តែអ្វីដែលហួសចិត ​គឺលោកមេប៉ុស្តិ៍បានព្យាយាម ដឹកជនរងគ្រោះគេចចេញ​ ពីប៉ុស្តិ៍​ ដើម្បីកុំឲ្យអ្នកកាសែតថតផ្សាយ​ ពីករណីប្លន់នៅក្នុងទឹកដីរបស់ខ្លួន៕