(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដែលសុទ្ធតែជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២៦ ខែឧសភា នេះ រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ទាំង ៥នាក់នេះរួមមាន៖
១៖ ឈ្មោះ ដឿង ឡាយ ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
២៖ ឈ្មោះ ស៊ត់ លឺត ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៣៖ ឈ្មោះ អ៊ម រីត ភេទស្រី អាយុ ១៥ឆ្នាំ អាសយដ្ឋាននៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៤៖ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអ្នកបើកបរដឹកអ្នកវិជ្ជមានទាំង ៣ខាងលើ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៥៖ ឈ្មោះ លឿម ចិន ភេទស្រី អាយុ ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ករណីខាងលើនេះ សុទ្ធតែជាករណីសង្ស័យពីដំបូង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក ដោយករណីទី១ ទី២ ទី៣ និងទី៤ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប និងករណីទី៥ ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាល្វែងឬស្សី ស្រុកជីក្រែង។

នៅថ្ងៃនេះដែរក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៥៦នាក់ ស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕