(ពោធិ៍សាត់)៖ លំនៅដ្ឋានចំនួន ៥០ខ្នង ជំហាន១ នៅចំណុចទីតាំងសម្បទានដីសង្គមកិច្ច ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានសាងសង់រួចនឹងត្រូវធ្វើពិធីប្រគល់-ទទួល ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ជាផ្លូវការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

ជាក់ស្តែង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានចុះជួបសំណេះសំណាល សួរសុខទុក្ខអតីត និងគ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច ជាពិសេសពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីនេះ។

គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។

ទីតាំងសម្បទានដីសង្គមកិច្ចខាងលើ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០ គុណ១៥០ម៉ែត។ ដោយឡែកផ្ទះមានទំហំ៥ គុណ៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ និងមានបង្គន់អនាម័យដាច់ដោយឡែកមួយ ដែលចំណាយថវិកាប្រមាណ ៣,៥០០ដុល្លារអាមេរិក/ខ្នងផ្ទះ នឹងត្រូវធ្វើពិធីប្រគល់-ទទួល ចំនួន៥០ខ្នង ជំហាន១ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។ ដោយឡែកលំនៅដ្ឋានដទៃផ្សេងទៀតនឹងជូនកាលបរិច្ឆេទផ្តល់ជូនបន្តបន្ទាប់ទៀត។

ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនេះ គឺជាការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែសម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕