(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រសួង ពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែរនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុង រីករាលដាលជំងឺនេះ មិនឈប់ឈរសោះ។

ការស្នើបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានលើកឡើងថា៖ «ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) នេះ គឺក្នុងបំណង់ឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ»

លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់។ ដូច្នេះ លោកអភិបាលចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ ឬកាត់ផ្តាច់ឱ្យបានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ»

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានបន្ថែថា កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ។ ក្រោយមកនៅពេលដែល បើកឱ្យដំណើរការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការងារ។ ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ១៩នេះ កម្មករតែ ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញ បានតាមរយៈការប្តូរវេនគ្នា។ តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតឱ្យកម្មករចូលធ្វើការវិញរហូត១០០ភាគរយ ដែលធ្វើឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ទៀតថា៖ «ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួមនាំគ្នាអនុវត្តឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ»