(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែឧសភានេះ បានចេញសេចក្តីសម្រេចស្តីពី ការកំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែឧសភា មកជា «តំបន់លឿង»

យោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានកំណត់ភូមិសាស្ត្រ "តំបន់លឿងទុំ" ក្នុងសេចក្តីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មកជា "តំបន់លឿង"។ បន្ទាប់ពីបានអនុវត្តវិធានការនានា និងពិនិត្យលើស្ថានភាពជាក់ស្តែង»

វិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រជា «តំបន់លឿង» ត្រូវអនុវត្តសម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវអនុលោមតាមខ្លឹមសារក្នុងប្រការ៤ នៃសេចក្តីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ១១៥/២១ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានក្នុង «តំបន់លឿង» នៃភូមិសាស្ត្ររាជធានីភ្នំពេញ៕