(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរិះគន់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ការពារអាយុជីវិតរបស់ពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នាដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច ដើម្បីផលប្រយោជន៍នយោបាយ។

លោក ជិន ម៉ាលីន បានឱ្យដឹងថា នៅកម្ពុជា អង្គការសង្គមស៊ីវិលត្រូវបានគេមើលឃើញថាមានបីប្រភេទរួមមានទី១៖ សង្គមស៊ីវីលធ្វើការងារខាងអភិវឌ្ឍ, ទី២៖ សង្គមស៊ីវីលធ្វើការងារខាងតស៊ូមតិក្នុងគោលដៅនយោបាយ និងទី៣៖ សង្គមស៊ីវីលដែលជាសកម្មជននយោបាយលាក់មុខ និងធ្វើសកម្មភាពនយោបាយក្រោមរូបភាពសមាគមអង្គការក្រៅរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់ថា នៅសង្គមប្រជាធិបតេយ្យ គឺរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស គ្រប់គ្រងប្រទេស ដូច្នេះ មានន័យថា រដ្ឋាភិបាលតំណាងឱ្យប្រជាពលរដ្ឋ ធ្វើអ្វីគ្រប់យ៉ាងទៅតាមអ្វីដែលប្រជាពលរដ្ឋត្រូវការ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ តាមរយៈការធ្វើច្បាប់ រៀបចំជាគោលនយោបាយ និងរៀបចំជាបទដ្ឋានផ្សេងៗ តាមរយៈការអនុវត្តច្បាប់ការពារផលប្រយោជន៍ សិទ្ធិសេរីភាព រួមទាំងការពារយុត្តិធម៌សង្គម ដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តបទល្មើសជាដើ ។ល។

ជាមួយគ្នានេះដែរ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិល ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ដល់សង្គម មានន័យថា ធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍របស់សង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ដូច្នេះ មានន័យថា អង្គការសង្គមស៊ីវិល ខុសពីវិស័យឯកជន និងបក្សនយោបាយ ព្រោះថាអង្គការសង្គមស៊ីវិល បង្កើតឡើងមិនមែនធ្វើសកម្មភាពពាណិជ្ជកម្មស្វែងរកប្រាក់ចំណេញនោះទេ គឺធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍របស់សង្គម និងប្រជាពលរដ្ឋ។

លោកបានបន្ថែមថា លក្ខណៈពិសេសមួយទៀត របស់សង្គមការសង្គមស៊ីវិល បង្កើតឡើងមិនត្រូវធ្វើសកម្មភាពនយោបាយ ប្រកួតប្រជែងជាមួយនឹងរដ្ឋាភិបាល ឬគណបក្សនយោបាយផ្សេងៗទៀត ដើម្បីទទួួលបានប្រជាប្រិយភាពគាំទ្រ រហូតឈានទៅការឡើងកាន់អំណាច ដូច្នេះសរុបមកអង្គការសង្គមស៊ីវិល បង្កើតឡើងដើម្បីធ្វើកិច្ចការងារសង្គម ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ...!។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា សម្រាប់គណបក្សប្រឆាំង គឺជាគណបក្សក្រៅរដ្ឋាភិបាល ហៅថាគណបក្សប្រឆាំង ឬគណបក្សជំទាស់ ក្នុងការតាមដានឃ្លាំមើល ប្រកួតប្រជែងអំណាចជាមួយរដ្ឋាភិបាល ដើម្បីឡើងកាន់អំណាចបានតាមរយៈការបោះឆ្នោត នៅអាណត្តិខាងមុខ។ ក្នុងន័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕