(បាត់ដំបង)៖ មេខ្យល់ម្នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនកាលីម្សិលមិញ ក្រោយធ្វើសកម្មភាពនាំពលករចំនួន២នាក់ ឆ្លងដែនចូលទៅទឹកដីដៃ ចំណុចម្តុំ (ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ការឃាត់ខ្លួននេះ ធ្វេីឡេីងដោយ កម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ សហការជាមួយកម្លាំងទាហានឈុតខ្មៅថៃ កងរយលេខ៥២៥ បន្ទាប់ពីមានការបបញ្ជាផ្ទាល់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង ។

មុខសញ្ញាសង្ស័យជាមេខ្យល់ ចំនួន១នាក់ ដែលឃាត់ខ្លួនបាននេះមានឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយឡែកពលករចំនួន២នាក់ និងមេខ្យល់ម្នាក់ទៀត បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់បន្ត។

ពាក់ព័ន្ធនឹងករណី នេះ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញ-ចូលនៅប្រទេសថៃ បានស្នើឱ្យមន្ត្រីដែលពាក់ព័ន្ធជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕