(រតនគិរី)៖ ទោះបីជាខេត្តរតនគីរី មានអត្រាអ្នកឆ្លងជំងឺកូវីដ១៩តិចនៅឡើយ តែអាជ្ញាធរខេត្ត បាននិងកំពុងគិតគូររកយុទ្ធសាស្រ្តទប់ស្កាត់ការចម្លងចូលមកពីខាងក្រៅ និងការពារឱ្យខានតែបាននូវការរីករាលដាលជាសហគមន៍។

ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្ត ក៏បានត្រៀមទុកជាមុននូវឈាបនដ្ឋានមួយកន្លែង ដែលទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ដើម្បីប្រុងជើងការក្នុងករណីបន្ទាន់ណាមួយផង និងជាការតាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យឈរលើការគោរពវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

ឈាបនដ្ឋានថ្មីនេះនឹងត្រូវសាងសង់នៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានទំហំប្រមាណជាង ១២០ម៉ែត្រការ៉េ ចំណាយទឹកប្រាក់អស់ចំនួន ៧០លានរៀល ដោយក្រុមហ៊ុនម៉ៅការឯកជនហើយនឹងត្រូវបញ្ចប់ ការសាងសង់ ក្នុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

នាយករដ្ឋបាលសាលាខេត្តរតនគិរី លោក នាង សំអាត បានឱ្យដឹង ក្នុងកំឡុងពេលចុះទៅត្រួតពិនិត្យទីតាំង ឈាបនដ្ឋានថ្មីនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោកបានស្នើដល់កងកម្លាំងឈរជើងប្រចាំការនៅតាម ព្រំប្រទល់ខេត្ត នៅតែបន្តការខិតខំប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះអ្នកដំណើរដែលចូលមកខេត្តរតនគិរី ដោយអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានមុឺងម៉ាត់បំផុត។

រីឯប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមទីប្រជុំជនផ្សារ កន្លែងលក់ដូរ ត្រូវបន្តការពារខ្លួន ដោយពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតជាបន្តទៀតឱ្យបានត្រឹមត្រូវ៕