(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់យុនៅទីតាំងទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិក នៅសង្កាត់ចំនួន៦ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិក នៅសង្កាត់ទាំង៦នេះ ធ្វើឡើងដោយក្រុមការងារគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ មកពីអង្គភាពបញ្ជាការដ្ឋានរថក្រោះ, អគ្គបញ្ជាការ, សាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ, ក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានទ័ពជើងគោក និងក្រុមគ្រូពេទ្យមកពីអង្គភាពកងកិត្តិយសត្រែទ័ពនៃកងយោធពលខេមរភូមិន្ទ។

ពិធីនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងស្ថាបន្តអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ខណៈសង្កាត់ទាំង៦នេះរួមមាន៖

*ទី១៖ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ ចាក់នៅមណ្ឌលវិទ្យាល័យជាស៉ីមសន្ធរម៉ុក ទីតាំងនៅចំណុចផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ដូសទី១។

*ទី២៖ សង្កាត់ទឹកល្អក់ទី៣ ចាក់នៅមណ្ឌលវិទ្យាល័យទឹកល្អក់ ទីតាំងផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ដូសទី១។

*ទី៣៖ សង្កាត់ផ្សារដេប៉ូទី១ ចាក់នៅមណ្ឌលសាលាមេត្តេយ្យសាមគ្គី ទីតាំងផ្លូវ១៨២កែង២២៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដូសទី១។

*ទី៤៖ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ ចាក់នៅមណ្ឌល សាលាបឋមសិក្សាជាស៉ីមសន្ធរម៉ុក ទីតាំងផ្លូវ១២៨កែង២៤៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដូសទី១។

*ទី៥៖ សង្កាត់បឹងសាឡាង ចាក់នៅមណ្ឌលសាលាបឋមសិក្សាបឹងសាឡាង ទីតាំងផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌធទួលគោក ដូសទី២។

និងទី៦៖ សង្កាត់បឹងកក់ទី១ ចាក់នៅមណ្ឌល កន្លែងលេងបាល់ទាត់ ព្រីមែ ស្ពត ទីតាំងផ្លូវ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដូសទី១។

ប្រធានប្រតិបត្តិក្នុងមណ្ឌលចាក់វ៉ាក់សាំងទាំង៥ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ទាំង៥ ដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចបញ្ជាក់ពីទីលំនៅពិតប្រាកដ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់ការបើកយុទ្ធនាការរបស់កងទ័ព ដើម្បីចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសង្កាត់ទាំង៦ របស់ខណ្ឌទួលគោកបន្ថែមនេះ គឺធ្វើឡើងក្រោយមានការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មកកាន់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

គិតត្រឹមយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៣០៦,៨២២នាក់។

របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,០៩២,២១៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៧៨៦,០២០នាក់ ខណៈចាក់លើកទី២ បានចំនួន ៧០៧,០៣៩នាក់៕