(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលក្នុងមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់ (តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារ ឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួនបានផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ជាថ្មីឡើងវិញ។

តំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ, នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ, ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម។

លោក ឃួង ស្រេង បានលើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ។ អ្វីដែលហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលបានកំណត់ជាទីតាំងបិទខ្ទប់ដូច ប៉ុន្មានសង្កាត់ខាងលើ។ លោកបានបន្តថា ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ។ លោកថា ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩ ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។

បន្ថែមពីនេះ លោក ឃួង ស្រេង បានជំរុញឲ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារនេះ ឲ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះកូវីដ១៩ភាគច្រើន ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕