(កណ្ដាល)៖ ប្រជាពលរដ្ឋ១៨គ្រួសារ ដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេមេគង្គក្រោម នៅចំណុចភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ពិធីប្រគល់អំណោយនេះ ប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមដំណក់ទឹកភ្លៀង ក្រោមវត្តមានលោក នូវ ប៉េងចាន់តារា អភិបាលរងខេត្តកណ្ដាល, លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក និងមន្ត្រីចូលរួមជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អំណោយនេះ លោក នូវ ប៉េងចាន់តារា ជំនួសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំការផ្ដាំសួរសុខទុក្ខពីអភិបាលខេត្ត ដែលលោកតែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនពលរដ្ឋគ្រប់ទិសទី ដែលជួបប្រទះទុក្ខកង្វល់ទុក្ខលំបាកនានា។

លោក នូវ ប៉េងចាន់តារា បានផ្ដាំផ្ញើដល់ពលរដ្ឋដែលមានផ្ទះនៅជាប់នេះ សូមរើឥវ៉ាន់ចេញ និងចាកចេញពីកន្លែងនេះបន្ទាន់ ព្រោះមើលទៅស្ថានភាពច្រាំងទន្លេនេះ ហាក់មិនមានភាពស្រាកស្រាន្តទេ ពោលគឺនឹងបន្តបាក់ច្រាំងទៀត ហើយអាចបាក់ដីដល់របងវត្តក៍អាចថាបានដែរ ព្រោះមើលទៅខ្សែទឹកហូរ គឺហូរបុកចំកន្លែងនេះពេញមុខតែម្ដង។

ទន្ទឹមនឹងសារនេះលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ច្រាំងទន្លេ និងប្រុងប្រយ័ត្នជំងឺកូវីដ១៩ផងដែរ។

ក្រុមប្រជាពលរដ្ឋទាំង១៨គ្រួសារ បានលើកដៃគោរពថ្លែងអំណរគុណដល់អភិបាលខេត្តកណ្ដាល និងមន្ត្រីទាំងអស់ ដែលបានចុះមកសួរសុខទុក្ខ ចែកអំណោយ និងរកទីសុវត្ថិភាពសំរាប់ពួកគាត់ ដែលនេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ ដឹកនាខេត្តកណ្ដាល ដែលយកចិត្តទុកដាក់ជួយសង្រ្គោះពួកគាត់ទាន់ពេលវេលា៕