(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋចំនួន១៣គ្រួសារ រស់នៅដងកំពង់បាយកំពត ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពី មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

តាមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានបញ្ជាក់ថា សង្កាត់អណ្ដូងខ្មែរ បានចេញប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធរួចរាល់ជូនប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ដោយឡែកប្រជាពលរដ្ឋ ចំនួន១៣គ្រួសារខាងលើ ដែលសំណូមពរស្នើសុំចេញប័ណ្ណកម្មសិទ្ធិ គឺពាក់ព័ន្ធការរស់នៅលើដីចំណីព្រែក ទើបមន្ត្រីជំនាញ មិនអាចចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់បាន ប៉ុន្តែទោះបីយ៉ាងណាពួកគាត់បានរស់នៅជាយូរឆ្នាំមកហើយ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។

លោក ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំពេលនេះ គឺជាការងារសំខាន់ ក្នុងការប្រមូលធាតុចូលរួមមតិយោបល់ ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំង ១៣គ្រួសារនេះផង និងដើម្បីជាការអភិវឌ្ឍន៍ តាមគម្រោងចក្ខុវិស័យរបស់រដ្ឋបាលខេត្ត នៅក្នុងតំបន់នេះផង។

ម្យ៉ាងទៀត ដើម្បីទប់ស្កាត់និងការបញ្ចៀសបានពីការរំលោភបំពានដីចំណីព្រែកតទៅមុខទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំង១៣គ្រួសារនេះ អង្គប្រជុំនៅមិនទាន់បានសម្រេចនៅឡើយទេ។ លោក ជាវ តាយ បានចាត់ទុកមតិយោបល់ចូលរួម និងការលើកឡើងរបស់អាជ្ញាធរនិងជំនាញ សុទ្ធតែមានការអះអាងផ្អែកទៅលើលក្ខណៈច្បាប់ និងផ្អែកលើស្ថានភាពជាក់ស្ដែងផង។ ប៉ុន្តែការដោះស្រាយត្រូវតែខិតខំ ធ្វើការជំរុញ ក្នុងជំហ៊ានបន្តបន្ទាប់។

លោកអភិបាលខេត្ត ក៏បានស្នើសុំឲ្យមានការដោះស្រាយតាមលក្ខណៈទន់ភ្លន់ ផ្អែកលើស្ថានភាពជាក់ស្ដែងផង និងផ្អែកលើលក្ខណៈច្បាប់ផង។ ដូច្នេះសូមឱ្យអាជ្ញាធរនិងជំនាញពាក់ព័ន្ធ បន្តសហការគ្នា សិក្សារៀបចំប្លង់គោល រួមនឹងដីពាក់ព័ន្ធរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំ ដែលជាប់និងតំបន់អភិវឌ្ឍនេះ។ ព្រោះតំបន់នេះ គម្រោងរដ្ឋបាលខេត្ត និងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍន៍ផ្លូវឲ្យបានជាប្រយោជន៍ សម្រាប់បម្រើសាធារណៈ និងការទាក់ទាញទេសចរណ៍។ ពិសេសសម្រាប់សួនកំសាន្តនិងការហាត់ប្រាណដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ នៃក្រុងកំពតផងដែរ៕