(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ លោកស្រី ពៅ សុខ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុកសាលាក្រៅ បានចុះសួរសុខទុក្ខ និងរំលែកទុក្ខដ៏ក្រៀមក្រំគ្រួសារសពរងគ្រោះថ្នាក់ ដោយរន្ទះបាញ់ស្លាប់ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ។

លោកស្រី ពៅ សុខ ក្នុងនាមលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានរងគ្រោះថ្នាក់បាត់បង់អាយុជីវិត ដោយរន្ទះបាញ់ និងសូមឲ្យវិញ្ញាណក្ខន្ធសព ទៅកាន់សុគតិភព។

ក្នុងឱកាសសួរសុខទុក្ខ និងរំលែកទុក្ខនេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារសពមាន អង្ករ ១០០គីឡូក្រាម មី១កេះ ទឹកសុទ្ធ ១៥ឡូ ទឹកដោះគោឆៅ ១ឡូ ទឹកស៊ីរ៉ូ ០១ដប និងថវិកា ១លានរៀល ចំពោះអ្នករងរបួស រងគ្រោះដោយរន្ទះបាញ់ទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១០ឡូ ទឹកដោះគោឆៅ ១ឡូ ទឹកស៊ីរ៉ូ ០១ដប និងថវិកា ៥០ម៉ឺនរៀល ។

សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់មួយបានកើតឡើងនៅភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យបុរសម្នាក់ឈ្មោះ យ៉ាន់ យ៉ាត អាយុ៣៦ឆ្នាំ បានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ទៀតឈ្មោះ រឿន ណារឹទ្ធ អាយុ ២៦ឆ្នាំ រងរបួសស្រាល អ្នកទាំងពីរជាកម្មករស៊ីឈ្នួលដកដំឡូង ដែលមានទីលំនៅបច្ចុប្បន្ន ភូមិកោះកែវ ឃំុសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕