(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀត។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ មានឈ្មោះ សេង សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ជាមន្រ្តីមន្ទីររៀបចំដែន នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ។ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ឈ្មោះ សេង សុភ័ក្រ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរទៅជួបឪពុកឈ្មោះ លន់ ឡៃស្រេង នៅភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ ឈ្មោះ សេង សុភ័ក្រ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕