(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ទាំង៣នាក់នោះរួមមាន៖
១៖ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។ អ្នកជំងឺរូបនេះ ជាអាជីវករលក់កាហ្វេយីហោ «ឧម៉ា លក់កាហ្វេ» នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
២៖ ឈ្មោះ យឹម ផល្លី ភេទស្រី អាយុ ៤៩ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
៣៖ ឈ្មោះ ឈី រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានឱ្យដឹងដែរថា តាមរយៈទិន្នន័យកត់ត្រានៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅព្រំប្រទល់ខេត្តសៀមរាប នៅគោលដៅស្រុកជីក្រែង បានបង្ហាញថា អ្នករួមដំណើរជាមួយករណីទីមួយ មានចំនួន ២៤នាក់ និង ករណីទី២ និងទី៣ មានអ្នករួមដំណើរចំនួន ៨នាក់។ តាមរយៈទិន្នន័យនេះ បានជួយដល់ក្រុមការងារក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធបានឆាប់-រហ័ស និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដែលមកទល់ពេលនេះគណៈ-បញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងារជំនាញបាននឹងកំពុងស្រាវជ្រាវ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៨នាក់។ ព្យាបាលជាសះស្បើយចំនួន ៥២នាក់ ស្លាប់ ២នាក់ និង ៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានទៅទិញកាហ្វេយីហោ «ឧម៉ា លក់កាហ្វេ» នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ឬអ្នកមានរួមដំណើរក្នុងរថយន្តជាមួយ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕