(សៀមរាប)៖ បន្ទាប់ពី Fresh News បានចុះផ្សាយព័ត៌មានអំពីសិស្សនៅ​សា​លា «ស្នាសង្រ្គាម» ​ក្នុងស្រុកប្រាសាទ​បា​គង នៅបន្តក្រេប​យកចំណេះ​ដឹង​​ក្រោម​​ដើម​ឈើ, ក្រោយពីបានទទួលព័ត៌មាននេះភ្លាម និងក្រោមការណែនាំរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសៀមរាប នៅរសៀលថ្ងៃសៅរ៍នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីអាជ្ញាធរថ្នាក់ស្រុក ឃុំ បានចុះទៅទីតាំងសាលារៀន នាយកសាលាបឋមសិក្សានេះផងដែរ។

ជាក់ស្តែងដែលយើងពិនិត្យឃើញ គឺសាលាបឋមសិក្សាស្នាសង្គ្រាមនេះ រួមមាន៣អាគារ ៖
១-អាគារបណ្ណាល័យ១បន្ទប់
២-អាគារសិក្សា១ខ្នង មាន៤បន្ទប់
៣-អាគារមត្តេយ្យសិក្សា១បន្ទប់។ ក្នុងបរិវេណសាលារៀននេះមានទីលានបាល់បោះ ១កន្លែង ទីលានកំសាន្ត ១កន្លែង អណ្តូងស្នប់៣កន្លែង បង្គន់អនាម័យ២បន្ទប់ និង សួនបន្លែ១កន្លែង។ ទីតាំងនេះបានសាងសង់ឡើងក្នុងឆ្នាំ២០០៥-២០០៦ និងបានបើកឲ្យដំណើរការឆ្នាំ២០០៧ ។

បច្ចុប្បន្នសាលាបឋមសិក្សានេះមាន ៧ថ្នាក់ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ដែលក្នុងមួយថ្នាក់ៗមានសិស្សពី៣២ ទៅ ៣៥ នាក់ សរុបមានសិស្ស ២១០នាក់ និងគ្រូ៩ នាក់។ តាមគោលការណ៍អប់រំបច្ចុប្បន្ន តម្រូវឲ្យសិស្សរៀន២ពេល។ បើធៀបនឹងចំនួនបន្ទប់រៀន គឺមិនខ្វះបន្ទប់រៀននោះទេ តែជាក់ស្តែងលោកនាយកសាលា បានព្រមព្រៀងគ្នាជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនតែមួយពេលដែលនាំឲ្យខ្វះថ្នាក់រៀនមួយបន្ទប់ ហើយសម្រចរៀបចំ
តុរៀននៅក្រោមដើមឈើ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានផ្តាំផ្ញើដល់លោក ស៊ុំ សំណាង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកប្រាសាទបាគង បន្តយកចិត្តទុកដាក់ពិនិត្យមើលករណីនេះ បើមានការខ្វះបន្ទប់សម្រាប់សិស្ស រៀននៅពេលខាងមុខ ត្រូវសាងសង់បន្ថែមឲ្យបានគ្រប់គ្រាន់តាមសំណូមពរជាក់ស្តែង៕