(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។

សេចក្តីប្រកាសព័ត៌មានខាងលើនេះ បញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ក្នុងស្រុកទាំង៦នេះ រួមមាន៖ ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។ រីឯប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្នុងនោះបើមានអាការៈប្លែកគួរអោយសង្ស័យសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ (៣ការពារ ៣កុំ)៕