(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៤៩នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺចំនួន១០៦នាក់ ត្រូវបានរកឃើញថាឆ្លងក្នុងពន្ធនាគារ និងមានករណីជាសះស្បើយមានចំនួន ៨៤នាក់។

របាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាជ្ញាធរ និងមន្រ្តីសុខាភិបាលរកឃើញទណ្ឌិតមានវិជ្ជមានចំនួន ១០៣នាក់ ហើយ៣នាក់ទៀត ជាមន្ត្រីពន្ធនាគារនេះតែម្ដង»។

របាយការណ៍បានបញ្ជាក់ទៀតថា «គេពុំទាន់ស៊ើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ»។

ក្រោយរកឃើញថា មានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត។

ប្រភពបានបញ្ជាក់ថា សំរាប់អ្នកឆ្លងកូវីដ១៩ ទាំង២៤៨នាក់ តាមបណ្ដាស្រុក-ក្រុងរួមមាន៖

*ស្រុកពញ្ញាឮ ២២នាក់
*ស្រុកកោះធំ ៦៩នាក់
*ក្រុងតាខ្មៅ ១១៥នាក់
*ស្រុកកណ្ដាលស្ទឹង ២៦នាក់
*ស្រុកស្អាង ១នាក់
*ស្រុកលើកដែក ១៣នាក់

ចំណែកអ្នកជំងឺដែលបានជាសះស្បើយទាំង ៨៤នាក់ រួមមាន៖

*ក្រុងតាខ្មៅ ៣០នាក់
*ស្រុកពញ្ញាឮ ២នាក់
*ស្រុកកណ្ដាលស្ទឹង ១១នាក់
*ស្រុកកៀនស្វាយ ៥នាក់
*ស្រុកកោះធំចំនួន ៧នាក់
*ស្រុកអង្គស្នួលចំនួន ២៥នាក់
*ស្រុកស្អាងចំនួន ៤នាក់។

សម្រាប់អ្នកត្រូវធ្វើចត្តាឡីស័កវិញបែងចែកជា២ គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណៈដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន ៧៨៨នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ១៥,៥៨៩នាក់។ សម្រាប់អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន ៥,៧៤៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ១៨,៥៣៦នាក់។

សម្រាប់អ្នកដែលពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មានចំនួនជាង៤ម៉ឺនម្នាក់នោះ ក៏ទទួលបានអំណោយពីបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលផងដែរ៕