(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងថា សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» នឹងត្រូវយកទៅចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក នៅប្រទេសស៊ុយអ៊ែដ ក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

ក្រសួងបញ្ជាក់ថា ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសហការជាមួយ Gourmand World Cookbook Awards មានកិត្តិយសនាំយកសៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នាទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

សៀវភៅ «The Taste of Angkor» ដែលជាស្នាដៃសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស ត្រូវបានឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស លើកឡើងថា «សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឱ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់នៅទូទាំងពិភពលោកផងដែរ»

នៅក្នុងរូបថតនេះ លោក Pelle Aorelius ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន ៥០០ក្បាល មកពីប្រទេសចំនួន៥០ នៅលើពិភពលោក កំពុងកាន់សៀវភៅ «The Taste of Angkor» ដោយឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត៕