(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួន មានតំបន់បិទខ្ទប់ (តំបន់លឿងទុំ) ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយទៀត ហើយបើមានបញ្ហាអ្វីដែលហូសពីដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរខណ្ឌ ត្រូវធ្វើទំនាក់ទំនងឬស្នើសុំភ្លាមៗមកអាជ្ញាធររាជធានីភ្នំពេញ ឬមកក្រសួងសុខាភិបាល ដើម្បីមានវិធានការបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាកុំឲ្យជំងឺនេះពង្រីកខ្លួន ឬចម្លងពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះ បាននិងកំពុងផ្ទុះឡើងជាថ្មីជម្ងឺកូវីដ១៩។

លោក ឃួង ស្រេង បានលើកឡើងថា ការផ្ទុះឡើងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះមានរយៈពេលជាង៣ខែហើយ យើងក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺនេះ កុំឱ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ បើមានចំណុចណាមួយដែលជាចំណុចខ្វះខាត ដែលខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍និងសុំជំនួយពីអាជ្ញាធររាជធានី ឬក្រសួងសុខាភិបាលភ្លាម។

លោកថា «អ្វីដែលយើងចង់បានពេលនេះ គឺការផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅទីតាំងមួយទៀត»

លោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌបន្តវិធានការ នៃការបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួនដែលអាជ្ញាធរគិតថា ជាតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយលោកអភិបាលរាជធានីភ្នំពេញ ជឿជាក់ថា ការបាញ់សម្លាប់មេរោគ គឺជាវិធានការដែលមានប្រសិទ្ធភាពនិងគួរឱ្យជឿទុកចិត្តបាន។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ទីតាំងតំបន់រឿងទុំ ដែលបាន និងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនអោយមានការចេញ ចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទាំងនេះ៕