(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សម្រេចផ្អាកជាបណ្តោះអាសន្នសកម្មភាពនៅតំបន់ទេសចរណ៍ចំនួន ២កន្លែង គឺ ឆ្នេរនេសាទ និងសហគមន៍អេកូទេសចរណ៍ ជីផាត រយៈពេល១សប្តាហ៍ សម្រាប់តំបន់ទេសចរណ៍ផ្សេងទៀត ត្រូវពង្រឹងការអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍ «៣ការពារ ៣កុំ» ជាពិសេស ត្រូវពង្រឹងការស្គេន QR Code។

ការបញ្ជាបែបនេះ របស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនៅក្នុងឱកាសលោកស្រីបានដឹកនាំ កិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកោះកុង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលខេត្ត បានស្នើឱ្យកម្លាំងជំនាញពាក់ព័ន្ធធ្វើការសា្រវជ្រាវ វាយតម្លៃសភាពការណ៍ក្នុងស្រុកស្រែអំបិល ដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាពិសេសធ្វើការប្រមូលទិន្នន័យឱ្យបានជាក់លាក់អំពីចំនួនអ្នកពាក់ព័ន្ធ និងចំនួនខ្នងផ្ទះពាក់ព័ន្ធក្នុងភូមិ ឃុំ។

លោកស្រី មិថុនា ភូថង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តវិធានការផាកពិន័យចំពោះជនណា ដែលប្រព្រឹត្តិល្មើសវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តក្រុង ស្រុក របស់ខ្លួន។

ដោយឡែកសម្រាប់តំបន់ទេសចរណ៍ចំនួន២ គឺឆ្នេរនេសាទ និងជីផាត ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ ហើយសម្រាប់តំបន់ទេសចរណ៍ផ្សេងទៀត ត្រូវពង្រឹងការអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣ការពារ ៣កុំ ជាពិសេស ត្រូវពង្រឹងការស្គេន QR Code»។

បន្ថែមពីនេះ លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះនៅតាមទីប្រជុំជន និងផ្សារ ត្រូវពង្រឹងការអប់រំផ្សព្វផ្សាយ ការពាក់ម៉ាស បាញ់អាល់កុល និងរក្សាកម្លាត រួមជាមួយនឹងវិធានការផ្សេង។ ជាមួយគ្នានេះ នៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យ ជាពិសេសច្រកស្រែអំបិល ត្រូវពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចូលរបស់ប្រជាពលរដ្ឋ និងបន្ថែមការធ្វើតេស្តរហ័សឱ្យបានច្រើន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានជាដាច់ ខាតនូវការឆ្លងរាលដាល នៃជំងឺនេះ៕