(សៀមរាប)៖ ការសិក្សាភាសាអង់គ្លេស និងចិន ក្នុងពេលតែមួយ នឹងផ្ដល់ឱកាសដល់កូនខ្មែរ មានអនាគតដ៏ភ្លឺស្វាង ខណៈការប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាផ្លូវការ សម្រាប់ការទំនាក់ទំនងលើសកលលោក និងភាសាចិន ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះបើតាមការលើកឡើងរបស់លោក អេ រិច វុង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ នៃវិទ្យាស្ថាន ស៊ីងឡាង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក អេ រិច វុង ស្ថាបនិក និងជាអគ្គនាយកប្រត្តិបត្តិ នៃវិទ្យាស្ថាន ស៊ីងឡាង លើកឡើងថា ប្រទេសសិង្ហបុរី កាលពីជាង៥០ឆ្នាំមុនមានស្ថានភាព ប្រហាក់ប្រហែលទៅនឹងប្រទេសកម្ពុជាដែរ ប៉ុន្តែអ្វីដែលប្រទេសសិង្ហបុរីទទួលបាន នាពេលបច្ចុប្បន្ន គឺជាការរៀបចំ និងខិតខំអភិវឌ្ឍចំណេះដឹង។ លោកបញ្ជាក់ថា «ការអប់រំ បានផ្លាស់ប្ដូរប្រទេសសិង្ហបុរី»

លោកអគ្គនាយក ក៏បានបង្ហាញផងដែរថា ក្រោយពីប្រទេសចិន បានដាក់គោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ពិភពលោក និងតំបន់អាស៊ី លោករួមនិងដៃគូវិនិយោគដទៃទៀត បានវាយតម្លៃថា កម្មវិធីសិក្សា ២ភាសា អង់គ្លេស និងចិន ពិតជាត្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ខណៈខេត្តដ៏មានសក្ដានុពល លើវិស័យទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រធំជាងគេ ហើយក៏ជាប៉ូលសេដ្ឋកិច្ចទី៣ ក្នុងប្រទេស បាននិងកំពុងប្រែមុខមាត់ថ្មី នៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគទុនអន្តរជាតិ។ ដូច្នេះអាណាព្យាបាលទាំងអស់គួរ ប្រែក្លាយពេលវេលាដ៏លំបាក នៃវិបត្តិជំងឺកូវីដ១៩នេះ ទៅជាឱកាសសម្រាប់កូនៗរបស់ខ្លួន។

លោក សាយ គឹមសេង ម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុន នៃវិទ្យាស្ថាន ស៊ីងឡាង បង្ហាញថា បច្ចុប្បន្ន ភាសាអង់គ្លេស ត្រូវបានគេចាត់ទុកថាជាភាសាសកល រីឯភាសាចិន គេចាត់ទុកថា ជាភាសាពាណិជ្ជកម្ម ដូច្នេះភាសាទាំងពីរនេះចាំបាច់ណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈប្រទេសជាតិកំពុងតែអភិវឌ្ឍទៅមុខជាលំដាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល វិទ្យាស្ថានភាសាបរទេសមួយនេះ បាននិងកំពុងរៀបចំកម្មវិធីសិក្សាតាមបែបប្រទេសសិង្ហបុរីចំនួន ៤ប្រភេទ រួមមាន៖

*ទី១៖ ថ្នាក់មូលដ្ឋានគ្រឹះភាសាអង់គ្លេស ៤កម្រិត
*ទី២៖ ថ្នាក់មូលដ្ឋានគ្រឹះភាសាចិន ៤កម្រិត
*ទី៣៖ ថ្នាក់ពីរភាសា សម្រាប់ទំនាក់ទំនង
*ទី៤៖ មហាវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀន។

នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកគ្រូអ្នកគ្រូ ក្នុងនិងក្រៅប្រទេសរបស់វិទ្យាស្ថាន ស៊ីងឡាង បានធ្វើបទបង្ហាញអំពីវិធីសាស្រ្តបង្រៀនតាមកម្មវិធីសិក្សារបស់ប្រទេសសិង្ខបុរី ដើម្បីធ្វើឱ្យកុមារ និងមនុស្សពេញវ័យងាយយល់ និងប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិនបានក្នុងពេលតែមួយ ប្រកបដោយភាពស្ទាត់ជំនាញសម្រាប់ជីវភាពរស់នៅ ក្នុងសង្គមបច្ចុប្បន្ន និងអនាគត៕