(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសអំពាវនាវដល់ដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគាំទ្របក្សទាំងក្នុង និងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភថវិកាតាមសមានចិត្ត និងលទ្ធភាព សម្រាប់ចំណាយលើការរៀបចំសន្និបាតបក្ស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

យោងតាមសេចក្តីអំពាវនាវរបស់ គណបក្សសង្រ្គោះជាតិ ធ្វើឡើងនាថ្ងៃទី១១ ខែមីនា ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា បានឲ្យដឹងថា នៅថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ គណបក្សសង្រ្គោះជាតិ នឹងរៀបចំប្រារព្ធសន្និបាតក្រុមប្រឹក្សាជាតិ ដែលជាស្ថាប័នជាន់ខ្ពស់របស់គណបក្ស ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំបក្សមកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសប្រមាណ ១,៥០០នាក់។ សន្និបាតនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសផងដែរ។

បើតាមសេចក្តីអំពាវនាវនេះ បានបញ្ជាក់ថា សន្និបាតនេះត្រូវចំណាយថវិកាមួយចំនួនសម្រាប់ការស្នាក់នៅ មធ្យោបាយធ្វើដំណើរ គ្រឿងឧបភោគបរិភោគ វេទិកា-រោង និងចំណាយផ្សេងៗ៕