(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៤នាក់ ក្នុងនោះនៅស្រុកក្រូចឆ្មារ ១នាក់, ស្រុកអូររាំងឪ ១នាក់ ស្រុកពញាក្រែក ១នាក់ និងស្រុកមេមត់ ចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង០៤នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខភិបាល ពិសេសការអនុវត្តវិធានការ «ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕