(ភ្នំពេញ)៖ លោក ទិត្យ វិច្ឆិកា អតីតតារាចម្រៀងមួយរូប បានប្រាប់ថា​ នៅថ្ងៃទី១៤ ខែមិនា​ ឆ្នាំ ២០១៦ រហូតដល់ថ្ងៃ ទី២០​ ខែមិនា​ ឆ្នាំ ២០១៦​ ខាងមុខនេះ លោក នឹង​ដឹកនាំ តារាចម្រៀង​ជាច្រើនរូប ទៅប្រគំតន្ត្រីមនុស្សធម៌មួយ ក្រោមប្រធាបទ «កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ» ក្នុងកម្មវិធីបុណ្យផ្កា​រស្មី​សាមគ្គី ​រយៈពេល៧ថ្ងៃ  ដែលមានទីតាំង​​ស្ថិតនៅ ក្នុង វត្ត ឥន្ទលីបូរណ៍ ឃុំ​ពុកឫស្សី ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ដើម្បី​ប្រមូលថវិកា​ ទៅជីកស្រះទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាល ដែលកំពុងតែខ្វះខាត ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

អណ្ដូងទឹកទាំង៦មានដូចជា ទី១នៅភូមិ​ កម្មករ ឃុំសំណាញ់​ ស្រុក អង្គរជ័យ​ខេត្តកំពត,ទី២នៅភូមិច្រនាងចាស់​ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ,ទី៣នៅភូមិអង្គទន្លាប់​ ឃុំ​សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៤ នៅភូមិច្បារអំពៅ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ,ទី៥​​ នៅភូមិ បឹងពន់ឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៦​ នៅវត្តតាអុក​ ឃុំអណ្តូងទឹក​ ស្រុកបុទុមសាគរ ខេត្តកោះកុង​ ។​

ជាមួយគ្នានេះ លោក ទិត្យ វិច្ឆិកា​ បានសុំណូមពរដល់បងប្អូន ​ដែលរស់នៅ​ទាំងក្នុង និងក្រៅប្រទេស ​និងបណ្តាលក្រុមហ៊ុន​នានា មេត្តាជួយ​ឧបត្ថម្ភគាំទ្រ ដល់កម្មវិធីប្រគំតន្ត្រីនេះផង ដើម្បីបានថវិកា ទុក​​យកទៅជីក​ស្រះទឹក​ជូនបងប្អូន ​ដែលរស់នៅទីតាំងខាងលើ ដែលកំពុងជួបបញ្ហា ខ្វះទឹកនេះ៕