(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ធនាគារជាតិនៃកម្ពុជា បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជា៖

១៖ រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី ពីធនាគារជាតិនៃកម្ពុជា។

២៖ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការ កំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាច
ធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។

៣៖ បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗ តាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖