(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាប្រធានគណៈពង្រឹងមូលដ្ឋានការងារបក្សខេត្តឧត្តរមានជ័យ បានថ្លែងទៅកាន់សមាជិក សមាជិកា ក្រុមការងារបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យថា ការងារជាអ្នកបម្រើ និងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ជាគោលការណ៍គ្រឹះរបស់គណបក្សប្រជាជន ហើយតែងតែនាំឱ្យប្រជាពលរដ្ឋផ្តល់សុភនិច្ឆ័យគាំទ្របក្សប្រជាជនក្នុងការដឹកនាំ។

លោក គន់ គីម បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងកិច្ចប្រជុំនេះ បានជជែកច្រើនលើការងារ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២។ លោក គន់ គីម បានក្រើនរំលឹកដល់សមាជិក សមាជិកា និងក្រុមការងារក្នុងខេត្តទាំងអស់ឱ្យចាប់ផ្តើមពិនិត្យការងារសំខាន់ៗ និងអាទិភាពទាំងឡាយ ដើម្បីផ្តល់ក្តីទុកចិត្ត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក គន់ គីម ដែលមានឋានៈជាទេសរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលដែរនោះ បានចង្អុលបង្ហាញទៅសមាជិក និងក្រុមការងារបក្សឱ្យចងចាំដែរថា ការងារស្នូលរបស់គណបក្សប្រជាជនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិរយៈពេលជាង ៤០ឆ្នាំនេះ គឺការបម្រើ និងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជនកម្ពុជា។ បើតាមលោក គន់ គីម តាមរយៈការងារស្នូល និងជាគោលការណ៍គ្រឹះនេះ តែធ្វើឱ្យបក្សទទួលបានការគាំទ្រ និងជឿទុកចិត្តពីម្ចាស់ឆ្នោត។

លោក គន់ គីម បានគូសបញ្ជាក់ថា «ឆ្លងតាមពិសោធន៍នៃការដឹកនាំប្រទេសជាតិជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវស្មារតីបម្រើប្រជាពលរដ្ឋដោយស្មោះ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ស្មារតី និងការងារស្នូលទាំងនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋលោកជឿទុកចិត្ត និងផ្តល់ការគាំទ្រឱ្យបក្សប្រជាជនដឹកនាំប្រទេស»

ឈរលើស្មារតីនេះ លោក គន់ គីម បានក្រើនរំលឹកដល់ក្រុមការងារបក្សនៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយត្រូវធ្វើដោយការទទួលខុសត្រូវខ្ពស់បំផុត។

បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់បក្សប្រជាជនរូបនេះ ក៏បានក្រើនរំលឹកសមាជិករបស់ខ្លួនទាំងអស់ ឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដូចជាការខ្វះខាតក្នុងជីវភាព ការលំបាកព្រោះគ្រោះមហន្តរាយ និងការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ជាដើម។

លោក គន់ គីម បានសង្កត់ធ្ងន់ថា សមាជិកត្រូវចុះទៅដល់ខ្នងផ្ទះ ហើយប្រឹងប្រែងជួយដោះស្រាយការលំបាកនេះឱ្យអស់ពីលទ្ធភាព ដោយភ្ជាប់ជាមួយជំនួយសង្គ្រោះផ្សេងៗ បើរលំផ្ទះត្រូវជួយសង់ផ្ទះ បើខ្វះខាតស្បៀងអាហារ ត្រូវផ្តល់ស្បៀងអាហារ៕