(ភ្នំពេញ)៖ ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ១លានដូសទៀតហើយ នឹងដឹកមកដល់ប្រទេសកម្ពុជា។

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃអាទិត្យ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។

ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះ កម្ពុជា បានរកឃើញមនុស្ស ២៤,៦៤៥នាក់ បានកើតជំងឺកូវីដ១៩ ហើយ ១៦៧នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មក កម្ពុជា បានទទួលវ៉ាក់សាំងជាង ៥លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ២.២លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។

ប្រជាពលរដ្ឋបានជ្រូតជ្រាបច្បាប់ពីគុណតម្លៃវ៉ាក់សាំងក្នុងការការពារសុខភាពរបស់ពួកគេពីជំងឺកូវីដ១៩។ ពួកគេបានបង្ហាញការដឹងគុណ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

កម្ពុជា បានទទួលវ៉ាក់សាំងចំនួនជាង ៥លានដូសរួចហើយ។ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់ចិន ១.៧លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៣លានដូស៕