(កំពង់ធំ)៖ អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តកំពង់ធំចំនួន ១៤០គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានរៀបចំពិធីចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច ជាការផ្តល់ជូនដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាកិច្ចតបស្នងសងនូវគុណបំណាច់ដែលពួកគេបានធ្វើពលីកម្មដើម្បីជាតិមាតុភូមិ។

ដីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជូនអតីតយុទ្ធជននេះស្ថិតនៅស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមួយគ្រួសារទទួលបាន ១.៥ហិកតា។ ពិធីចាប់ឆ្នោតទទួលយកប្លង់ដីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ពិធីនេះក៏មានការចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផ្សេងទៀត។

ក្រៅតែពីទទួលបានដីហើយនោះ មន្ទីរសុរិយោដីខេត្តក៏បានឈូសឆាយដី និងសាងសង់ផ្ទះរួចរាល់ប្រមាណ ៧៣ខ្នងរួចហើយផងដែរ។ ផ្ទះមួយខ្នងមានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ។

ក្នុងពិធីចាប់ឆ្នោតប្រគល់ដីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅចំពោះមុខអតីតយុទ្ធជនលោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់។ លោកថា ក្នុងកាលៈទេសៈនៃការលំបាកដោយជំងឺកូវីដ១៩នេះ សម្តេចទាំងទ្វេតែងក្រើនរំលឹកឱ្យរូបលោក ដែលជាសេនាធិការ និងថ្នាក់ដឹកនាំសមាគម ចុះឱ្យដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ហើយជួយដោះស្រាយការលំបាកទាំងឡាយ។

លោកបន្តថា ការចាប់ឆ្នោតប្រគល់ដីជូនអតីតយុទ្ធជននៅថ្ងៃនេះ គឺជាសក្ខីភាពដ៏ជាក់ច្បាស់មួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអតីតយុទ្ធជនដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់ និងធ្វើពលីកម្មខ្ពស់ចំពោះជាតិមាតុភូមិ។

«រាជរដ្ឋាភិបាល, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលភ្លេចនូវគុណបំណាច់របស់បងប្អូនអតីយុទ្ធជនយើងនោះឡើយ។ លោកថា ស្រុកយើងមានភាពសុខសន្តិភាព និងសុខសាន្តត្រាណបែបនេះ គឺដោយសារការធ្វើពលីកម្មរបស់បងប្អូនយើងនេះហើយ។ ដូច្នេះជាតិ និងមន្ត្រីរបស់យើងទាំងអស់ ត្រូវយកចិត្តទុកដាក់ឆ្លើយតប និងដោះស្រាយរាល់បញ្ហាក្នុងជីវភាព ដើម្បីឱ្យស័ក្តិសមនឹងការលះបង់របស់បងប្អូន»។ នេះជាការគូសបញ្ជាក់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានផ្តាំផ្ញើបន្ថែមដល់អតីតយុទ្ធជនឱ្យថែទាំសុខភាព អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេស «៣កុំ ៣ការពារ» ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទៅថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ឱ្យពន្លឿនការឈូសឆាយដី និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដើម្បីគាត់ឆាប់បានចូលរស់នៅ និងបង្កបង្កើនផលលើដីដែលរដ្ឋបានផ្តល់ជូននេះ។

អតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដី បានសម្តែងការរីករាយ ហើយក៏បានប្រកាសបង្ហាញពីចងចាំ និងដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប់ជានិច្ច។ ពួកគាត់បានលើកឡើងថា ដី និងផ្ទះ ដែលជាការរៀបចំជូនដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិត៕