(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានប្រាប់ប្រជាពលរដ្ឋថា «យន្តការការពារដ៏ស័ក្តិសិទ្ធ សំរាប់ការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង គឺអនុសាស៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣ការពារ និង៣កុំ» នោះបងប្អូនទាំងអស់គ្នានឹងជៀសផុតពីជំងឺកូវីដ១៩។

ការថ្លែងបែបនេះ ក្នុងន័យក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះ នៅគ្រាដែលលោកអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១។

លោកអភិបាលខណ្ឌ បានទទូចឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរសង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ លោកថា «ជំងឺកូវីដ១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ១៩ គឺគ្មានសាច់ញាតិ បងប្អូនណា អាចទៅចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់ឲ្យក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ»។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌ បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ និងថវិកា មួយចំនួន៕