(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងលោកស្រី ម៉ៅ ម៉ាល័យ ជូនដល់ប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន១៥០គ្រួសារ ក្នុងស្រុកថ្មពួក។

ប្រជាពលរដ្ឋទាំង១៥០គ្រួសារនោះ មកពី០៦ឃុំ ក្នុងស្រុកថ្មពួក រួមមាន៖ ឃុំបន្ទាយឆ្មារ ៣០គ្រួសារ, ឃុំគោករមៀត ៣០គ្រួសារ, ឃុំថ្មពក ចំនួន ២០គ្រួសារ, ឃុំគំរូ ២០គ្រួសារ, គោកកឋិន ៣០គ្រួសារ និងឃុំភូមិថ្មី ២០គ្រួសារ។ អំណោយដែលទទួលបានក្នុងមួយគ្រួសារៗ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអុីវ ១យួរ, ទឹកត្រី១យួរ និងត្រីខ១យួរ។ ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ថ្នាក់ដឹកនាំខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។ បន្ថែមពីនេះលោកទាំងពីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩។

លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លង រាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង៕